ដំណាំស្រូវ
ស្រូវគឺជា ធុញ្ញជាតិម្យ៉ាងដែលត្រូវបានដាំដុះនៅតំបន់ក្ដៅនិងសើម ដើម្បីយកគ្រាប់សម្រាប់បរិភោគ តែមិនមានមនុស្សប៉ុន្មាននាក់ទេដែលដឹងអំពី ស្រូវប្រកាន់រដូវ និងមិនប្រកាន់រដូវ។ ក្នុងប្រទេសកម្ពុជាគេចែកស្រូវចេញជា ២ ធំៗគឺ ស្រូវប្រកាន់រដូវ និងមិនប្រកាន់រដូវ។
១/ ស្រូវប្រកាន់រដូវ
ស្រូវប្រកាន់រដូវ៖ គឺជាប្រភេទស្រូវដែល ចេញផ្កាក្នុងអំឡុងខែ វិច្ឆិកា ដល់ ធ្នូ ព្រោះរយពេលថ្ងៃខ្លីជាង ពេលយប់។ ភាពប្រកាន់រដូវរបស់វាគឺ ១ឆ្នាំធ្វើបានតែម្ដងប៉ុណ្ណោះ។
ស្រូវប្រកាន់រដូវ គេបែងចែកជា ៣ ក្រុម៖
ស្រូវស្រាល៖ ចេញផ្កាមុខថ្ងៃទី ១៥ ខែតុលា។
ស្រូវកណ្ដាល៖ ចេញផ្កាពីថ្ងៃទី ១៥ ខែតុលា ដល់ ថ្ងៃទី ៧ ខែវិច្ឆិកា។
ស្រូវធ្ងន់៖ ចេញផ្កាពីថ្ងៃទី ៧ ខែវិច្ឆិកា ដល់ចុងខែ ធ្នូ។
២/ស្រូវមិនប្រកាន់រដូវ
ស្រូវមិនប្រកាន់រដូវ៖ គឺជាប្រភេទស្រូវដែល ចេញផ្កា ឬទំមានរយពេលច្បាស់លាស់បន្ទាប់មក ដោយមិនអាស្រ័យលើរយពេលថ្ងៃខ្លីជាង ពេលយប់ទេ។ ភាពមិនប្រកាន់រដូវរបស់វាគឺ ១ឆ្នាំធ្វើបានគ្រប់ពេលអាស្រ័យលើទឹក និងជីគ្រប់គ្រាន់។
ស្រូវមិនប្រកាន់រដូវ គេបែងចែកជា ៣ ក្រុម៖
ស្រូវស្រាល៖ មានអាយុកាលច្បាស់លាស់គឺ ១២០ថ្ងៃ = ៣ខែ។ ១ឆ្នាំ អាចធ្វើបាន ៣ដង។
ស្រូវកណ្ដាល៖ មានអាយុចាប់ពី ១២០ ដល់ ១៥០ថ្ងៃ = ៣ខែ ដល់ ៤ខែ។
១ឆ្នាំ អាចធ្វើបានចាប់ពី ២ ទៅ ៣ដង។
ស្រូវធ្ងន់៖ មានអាយុស្រូវចាប់ពី ១៥០ថ្ងៃដល់ ២១០ថ្ងៃ = ៤ខែ ដល់ ៦ខែ។
១ឆ្នាំ អាចធ្វើបានតែម្ដងតែប៉ុណ្ណោះ។
(ជីវជាតិក្នុងគ្រាប់អង្ករ)
ក្នុងអង្ករ មានជាតិអាមីដុង, ប្រូតេអ៊ីន វីតាមីនB ខ្លាញ់ និងជាតិសរសៃ (fibre)។ បញ្ហាជាតិអារសឺនិក (arsenic) កើតឡើងដោយការប្រើថ្នាំពុល និងជីរគីមី ដែលសាយភាយទៅក្នុងទឹកក្នុងស្រែ នូវ ជាតិអារសឺនិកអសរីរាង្គ (arsenic inorganique) ដែលជាជាតិពុលគ្មានពណ៌ និងគ្មានក្លិន និងដែលបង្ក ជំងឺប្រសាទ គាំងបេះដូង ទឹកនោមផ្អែម មហារីក៘ ស្រូវ ពូកែបឺតស្រូបជាតិអារសឺនិក រហូតដល់១០ដង ច្រើនជាង ធុញ្ញជាតិផ្សេងទៀត ដូចជា ស្រូវសាឡី ពោត ជាដើម។ ជាតិអារសឺនិកនេះ ត្រូវបានផ្ទុកនៅក្នុងស្រទាប់អេពីឌែមច្រើនជាង នៅក្នុងអង់ដូស្ពែម (endosperme) បានន័យថា អង្ករសំរូប មានជាតិអារសឺនិក ច្រើនជាង អង្ករសម្រិត។

Comments
Post a Comment