ឈ្មោះប្រាសាទ ៤ ដែលស្ថិតនៅលើទឹកដីខេត្តបាត់ដំបង
- ប្រាសាទបាសែត
- ប្រាសាទបាណន់
- ប្រសាទវត្តឯកភ្នំ
- ប្រសាទស្នឹង
ប្រវត្តសង្ខេបពីប្រាសាទនីមួយៗ
- ប្រាសាទបាសែត
ប្រាសាទបាសែតមានឈ្មោះដើមថា ជ័យក្សត្រ ដែលមានន័យថា ដែនដីនៃជ័យជំនះ ។ប្រាសាទបានេះត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវ័រ្មនទី១ (១០០២-១០៥០)។
ប្រាសាទនេះមានចំងាយ១៥គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ស្ថិតនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រាសាទបាសែតនេះជាស្ថាបត្យកម្មសតវត្សទី១១ សាងឡើងក្នុងឆ្នាំ(១០៣៦-១០៤២) សម្រាប់ឧទ្ទិសជូន ព្រះសិវ: ព្រាហ្មញ្ញសានសនា។ នៅក្បែរប្រាសាទនេះមានស្រះមួយដែលមានបណ្តោយ ២០ម៉ែត្រ ទទឹង ១២ម៉ែត្រ និងជំរៅ ១០ម៉ែត្រ។
2. ប្រាសាទបាណន់
ប្រាសាទបាណន់ត្រូវបានកសាងនៅពាក់កណ្តាលសតវត្សទី១១ និងបញ្ចប់នៅចុងសតវត្សទី១២ ។ ព្រះមហាក្សត្រដំបូងដែលបានកសាងប្រាសាទនេះ ព្រះនាមថាព្រះបាទឧទយាទិត្យវរ្ម័នទី១ (១០៥០ - ១០៦៦) និងបញ្ចប់ដោយ ព្រះបាទជ័យវរ្ម័នទី៧ (១១៨១ - ១២១៩) ។
ប្រាសាទនេះមានរាងចតុកោណកែងមានបណ្តោយប្រវែង៦០ម៉ែត្រនិងទទឹង៤០ម៉ែត្រ មានប្រាង្គចំនួន៥ ដែលប្រាង្គ៤សងខាងតំណាងឲ្យទ្វីប ឬទិសធំៗទាំង៤ ឯប្រាង្គធំ កណ្តាលកម្ពស់២៥ម៉ែត្រ តំណាងឲ្យភ្នំព្រះសុមេរុ។ ពីទីរួមខេត្តបាត់ដំបង ២៩គីឡូម៉ែត្រប្រាសាទនេះស្ថិតនៅលើភ្នំបាណន់ ភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រាសាទនេះជាស្ថាបត្យកម្មសតវត្សទី១១ រចនាបថបាយ័ន និងរចនាបថបាពួន សាងឡើងក្នុងឆ្នាំ (១០៥០_១១១៩)សម្រាប់ឧទ្ទិសជូន ព្រះសិវ: ព្រាហ្មញ្ញសានសនា។
នៅចំផ្លូវឡើងពីខាងកើតគឺមានប្រាសាទតាដំបងដែកមួយ ដែលពីមុនមកមានរូបសំណាកតាដំបងដែកនៅឈរចាំ។ ចំណែកឯ នៅជើងភ្នំបាណន់មានគូទឹក និងល្អាងសំខាន់ពីរ គឺល្អាងព្រះទឹក និង ល្អាងបិទមាស។
៣. ប្រាសាទឯកភ្នំ
ប្រាសាទវត្តឯកភ្នំស្ថាបនាឡើងនៅសតវត្សទី១១ក្នុងឆ្នាំ១០២៧ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២ - ១០៥០)។សម្រាប់ឧទ្ទិសជូន ព្រះសិវ: ព្រាហ្មញ្ញសានសនា។
ប្រាសាទដ៏ចំណាស់នេះមានរាងបួនជ្រុង ធើ្វពីថ្មភក់បែរមុខទៅទិសខាងកើតសង់លើខឿនមួយមានពីរថ្នាក់ មានថែវព័ទ្ធជុំវិញតួប៉មប្រាសាទនិងកំពែងធ្វើពីថ្មបាយកៀ្រម ហើយមានគូទឹកព័ទ្ធជុំវិញទៀតផង។ នៅខាងត្បូងប្រាសាទនៅសល់គូទឹក ដែលបច្ចុប្បន្នបានក្លាយទៅជាស្រះទឹកសំរាប់ព្រះសង្ឃប្រើប្រាស់។ ចម្លាក់តាមប្រាសាទរួមមានព្រះឥសូរកំពុងអង្គុយលើយានជំនិះគោនន្ទិនជាមួយមហេសី ព្រះវិស្ណុ ព្រះឥន្រ្ទអង្គុយលើដំរីរឿងកូសមុទ្រទឹកដោះ។ពីទីរួមខេត្តបាត់ដំបង ៧គីឡូម៉ែត្រប្រាសាទនេះស្ថិតនៅភូមិគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ក្បែនោះមានបឹងមួយបណ្តោយប្រវែង៤០០ម(កើតលិច)និងទទឹង២០០ម(ជើងត្បូង)។
៤. ប្រសាទស្នឹង
ប្រាសាទស្នឹង បានកសាងឡើងក្នុងសតវត្សទី ១២ ស្ថាបនាឡើងអំពីឥដ្ឋនៅលើដីទួលមូល មានបណ្តាយប្រវែង៣០ម៉ែត្រ និង ទទឹងប្រវែង២០ម៉ែត្រ។ ប្រាសាទនេះមានលក្ខណៈជាចេតីយ៍ចំនួន៣ដាច់ពីគ្នា។
ប្រាសាទស្នឹងខាងកើត និង ប្រាសាទស្នឹងខាងលិចគឺជា ប្រាសាទពីរដាច់ដោយឡែកពីគ្នា។ ប្រាសាទទាំងពីរនេះស្ថិតនៅ ភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ចំងាយ ២២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង និង ១២ គីឡូម៉ែត្រពីប្រាសាទបាណន់។ ប្រាសាទស្នឹងខាងលិចមានទីតាំងជាប់នឹងផ្លូវជាតិលេខ៥៧ ដែលប្រាសាទនេះធ្វើអំពីថ្មភក់។
ចំណែកឯប្រាសាទស្នឹងកើតស្ថិតក្នុងបរិវេណវត្តស្នឹង តែម្ដង។





Comments
Post a Comment