ការស្វែងយល់ពីដើមកំណើតនៃឃុំព្រះដាក់

ព្រះដាក់ជាឃុំមួយនៅក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាប ដែលឈ្មោះ​ភូមិនេះ​ពិត​ដែល​មាន​ពីបុរាណ គឺ «ប្រដាក» ​មិនមែន «ព្រះដាក់» ឡើយ។​

«ប្រដាក» សំដៅដល់ «បារាយណ៍ទឹក»

«ប្រដាក» គឺជា​ពាក្យ​សំដៅដល់ បារាយណ៍របស់​ព្រះបាទ​យសោវរ្ម័ន​ទី១ ដែលមាន​ឈ្មោះថា «យសោធរតដាក»។  « តដាក » ជាភាសា​សំស្រ្កឹត មាន​ន័យថា «ស្រះទឹក» ឬខ្មែរហៅបារាយណ៍ 

ហើយនេះជាហេតុផល​របស់​លោក​ ហ៊ុន ឈុនតេង ដែល​សំអាងទៅ​លើ​អក្សរថ្ម ខ្មែរ​បុរាណ​ ដែល​មាន​ចារ​​ នៅប្រាសាទ​លាក់​នាង ក្បែរប្រាសាទ«ប្រេរូប»/«ប្រែរូប»/«ព្រះរូប»។ 

លោក​ ហ៊ុន ឈុនតេង គឺជា​​គ្រូបង្រៀនផ្នែក​​សិលាចារឹក នៅ​សកល័យ​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។








លោក​ ហ៊ុន ឈុនតេង និង លោកគ្រូ វ៉ាន់ វី   ថាបើតាម​ទ្រឹស្តីភាសាវិទ្យា «ត» មិនអាច​នឹង​ចេញសូរ​សំឡេង​ជា «ប» «ប្រ» បាន​ឡើយ ហើយ​«តដាក» លំបាក​នឹង​អាច​វិវត្តទៅ «បដាក««ប្រដាក» ត្រង់តែម្តង​ដូច្នោះ​ទេ។ ហេតុនេះ «ប្រដាក» គួរតែ​ក្លាយមកពីពាក្យ​ «ព្រះ​តដាក / វ្រះតដាក»​។​

លោក​ វ៉ាន់ វី  និង លោក​ ហ៊ុន ឈុនតេង វែកញែក​​ ​តាម​លក្ខណៈ​វិវត្ត​នៃភាសាវិទ្យា​ខ្មែរ។ ពាក្យ "វ្រះ" ឬ "ព្រះ" អាចក្លាយមកជា ប្រ ព្រ តួយ៉ាង ព្រះលិង្គ ទៅជា ព្រលឹង, ព្រះលាន ទៅជា ព្រលាន ជាដើម។​ ប្រព្រ ​អាច​កាត់សូរ​ខ្លីទៀត ជា ប៉ ដែរ។ តួយ៉ាង ព្រះពុទ្ធ អ្នក​ខ្លះ​និយាយថា ប្រពុទ្ធ ឬបពុទ្ធ ជាដើម​។

សំណួរ​ចោទ តើបាត់សូរ "ត" ទៅណា? ​ ការ​បាត់​សូរ «ត» នៅក្នុង «​ព្រះ​តដាក» នៅពេល​ដែល​ក្លាយ​ទៅជា «ប្រដាក» លោក វ៉ាន់ វី លើកឧទាហរណ៍ថា បារាយណ៍​មួយ​ទៀត នៅ​តំបន់​អង្គរ ក៏​ត្រូវ​ពលរដ្ឋ​អ្នកស្រុក និយាយ​ដោយ​បាត់​«ត» ដូចគ្នា​ដែរ។  វាលរាជដាក គឺបារាយណ៍នាគព័ន្ធ ដែលបុរាណហៅថា ជយតដាក (បារាយណ៍របស់ព្រះបាទជ័យវរ្ម័នទី៧)។








Comments